អធិការដ្ឋាននគរបាលក្រុងបាត់ដំបងចុះអប់រំណែនាំ ក្មេងគេចសាលា ដើម្បីតម្រង់ទិសអនាគតយុវជន

​បាត់ដំបង ក្រោមបទបញ្ជាដឹកនាំយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេង ប៊ុនចាន់ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ពេជ្រសា រ៉ែនអធិការនគរបាលក្រុងបាត់ដំបង បានដាក់ចេញនូវផែនការសកម្មភាពយ៉ាងសកម្ម ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១០ សង្កាត់ ដើម្បីពង្រឹងសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសការអប់រំតម្រង់ទិសដល់ក្ដីសង្ឃឹមរំពឹងរបស់ជាតិ។
​ជាក់ស្ដែង នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ០៩:៣០នាទី ព្រឹក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរម៉ាល់ បានចុះប្រមូលផ្ដុំប្អូនៗសិស្សានុសិស្ស (ថ្នាក់ទី៧ និងទី៨) ដែលបានគេចសាលាមកជួបជុំគ្នានៅតាមទីសាធារណៈក្នុងម៉ោងសិក្សា ដើម្បីយកមកធ្វើការអប់រំ និងណែនាំ។
​ក្នុងសកម្មភាពប្រកបដោយវិជ្ជាជីវៈ និងទឹកចិត្តមេត្តាធម៌ មន្ត្រីនគរបាលបានពន្យល់ណែនាំប្អូនៗអំពី៖
​ផលប៉ះពាល់ដល់គ្រោះថ្នាក់នៃគ្រឿងញៀន ដែលបំផ្លាញអនាគត និងគ្រួសារ។
បញ្ហាក្មេងទំនើង និងផលវិបាកផ្លូវច្បាប់ផ្សេងៗ។
​ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ។
​ក្រោយការអប់រំយ៉ាងយកចិត្តទុកដាក់ សមត្ថកិច្ចក៏បានអញ្ជើញអាណាព្យាបាលសិស្សមកទទួលយកប្អូនៗទៅវិញ ក្នុងគោលបំណងសហការគ្នាអប់រំបន្តនៅតាមមូលដ្ឋាន។ សកម្មភាពនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំនគរបាលខេត្តបាត់ដំបង ក្នុងការទប់ស្កាត់រាល់បាតុភាពអសកម្ម និងជួយតម្រង់ទិសយុវជនឱ្យដើរលើផ្លូវដ៏ត្រឹមត្រូវ ដើម្បីក្លាយជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ។
សូមប្អូនៗយុវជនជិះឲ្យឆ្ងាយពីគ្រឿងញៀនដើម្បីអនាគតខ្លួនឯងនិងសង្គមជាតិ។
​ដោយ មុត ចិត្រា ប្រម៉ាញ់ជាយដែន