លែងរួចខ្លួនហើយ នគរបាលខេត្តកំពង់ស្ពឺបំបែកសំណុំរឿង ករណីចោរលួចគាស់ផ្ទះប្រជាពលរដ្ឋយ៉ាងសកម្ម

​កំពង់ស្ពឺ  ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ ទោ ឃីមសុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កម្លាំងជំនាញព្រហ្មទណ្ឌបានបើកប្រតិបត្តិការបង្ក្រាបយ៉ាងក្តៅគគុក រហូតឈានដល់ការឃាត់ខ្លួនចោរគាស់ផ្ទះ ២នាក់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិអ្នកភូមិអស់ជាច្រើនលើក។

​ជនសង្ស័យទាំង ២នាក់ (ឈ្មោះ សៅ វ៉ាន់ឌី និង សេង រតនា) បានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពគាស់ផ្ទះពលរដ្ឋក្នុងស្រុកសំរោងទងចំនួន ៣លើក កន្លងមក ដោយលួចយកបាន៖
​ប្រាក់សុទ្ធ សរុបជាង ៧០០ដុល្លារ និងជាង ១លានរៀល។
​គ្រឿងអលង្ការ  ខ្សែក ផ្លាកទីន កងដៃ ក្រវិល និងនាឡិកាជាច្រើនគ្រឿង។
​កាំបិតផ្គាក់ កាតគ្រីរថយន្ត និងឯកសារសំខាន់ៗមួយចំនួន។

​ក្រោយពីការឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចក៏បានដកហូតវត្ថុតាងរួមមាន៖ ម៉ូតូ CRF ១គ្រឿង (មធ្យោបាយជិះធ្វើសកម្មភាព), គ្រឿងអលង្ការមួយចំនួន និងកាំបិតផ្គាក់ដែលប្រើសម្រាប់កាប់បំផ្លាញទ្វារផ្ទះជនរងគ្រោះ។
នេះគឺជាជោគជ័យថ្មីមួយទៀតដែលបង្ហាញពីភាពវ័យឆ្លាត និងការយកចិត្តទុកដាក់របស់កងកម្លាំង
នគរបាលខេត្តកំពង់ស្ពឺ ក្នុងការការពារសុវត្ថិភាព និងភាពសុខសាន្តជូនប្រជាពលរដ្ឋ។ ការបង្ក្រាបទាន់ពេលវេលានេះ បានជួយកាត់បន្ថយការភ័យខ្លាច និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន។
​បច្ចុប្បន្ន ជនសង្ស័យកំពុងស្ថិតក្នុងដំណាក់កាលកសាងសំណុំរឿង ដើម្បីបញ្ជូនទៅចាត់ការតាមនីតិវិធីច្បាប់។ ដោយ វង់ សុខរដ្ថា ហៅ ប្រម៉ាញ់ ០១