ភ្នំពេញ៖ កំហឹងទប់មិនជាប់ នាំឱ្យជាប់ខ្នោះជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក ៤នាក់ ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងខេត្តកណ្តាល ឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្រោយធ្វើសកម្មភាពយ៉ាងសាហាវព្រៃផ្សៃ យកកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះ ២នាក់ បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារតែជម្លោះពាក្យសម្តី។
យោងតាមរបាយការណ៍ពីសមត្ថកិច្ច កាលពីរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ការបង្ក្រាបនេះបានធ្វើឡើងក្រោមបទបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួនណា រិន្ទអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ ដោយមានការសម្របសម្រួលពីលោក ប៊ុនសត្យា ស្នងការរងទទួលផែនព្រហ្មទណ្ឌ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងអធិការដ្ឋានស្រុកកៀនស្វាយ រហូតឈានដល់ការឃាត់ខ្លួនជនដៃដល់នៅចំណុចភូមិស្តៅកន្លែង៥ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ មូលហេតុ ផ្តើមចេញពីជម្លោះពាក្យសម្តី។ ក្រុមជនសង្ស័យមានគ្នា ៤នាក់ ប្រដាប់ដោយកាំបិត ២ដើម បានធ្វើសកម្មភាពដេញកាប់ជនរងគ្រោះយ៉ាងសាហាវ។ ឃាត់ខ្លួនបានជនដៃដល់ម្នាក់ ចំណែកបក្សពួកផ្សេងទៀត សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវតាមចាប់ខ្លួន។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់។ មហាជនបានសម្តែងការគាំទ្រចំពោះចំណាត់ការដ៏រហ័សនេះ និងសង្ឃឹមថាជនបង្កនឹងត្រូវទទួលទោសឱ្យធ្ងន់ធ្ងរដើម្បីជាការរាងចាល។ដោយ វង់ សុខរដ្ឋា (ហៅ)ប្រម៉ាញ់ ០១

