ស្វាយរៀង៖ ប្រភពពីប្រជាពលរដ្ឋ និងក្រុមអាជីវករនៅឃុំបុសមន ស្រុករំដួល បានសម្តែងការមិនពេញចិត្ត និងរិះគន់យ៉ាងធ្ងន់ធ្ងរទៅលើចំណាត់ការរបស់មេប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនបុសមន ដែលកំពុងរងការចោទប្រកាន់ថា បានប្រើប្រាស់តួនាទីកេងចំណេញបុគ្គល និងបើកដៃឱ្យទំនិញគេចពន្ធហូរចូលពីប្រទេសវៀតណាមយ៉ាងអនាធិបតេយ្យ។
តាមការបញ្ជាក់ពីប្រភពនៅទីតាំងផ្ទាល់ បានឱ្យដឹងថា មេប៉ុស្តិ៍រូបនេះបានដាក់ពង្រាយមន្ត្រីក្រោមឱវាទ និងជនស៊ីវិលឱ្យដើរប្រមូលលុយពីក្រុមឈ្មួញដឹកទំនិញទាំងយប់ទាំងថ្ងៃ។ ទំនិញដែលនាំចូលដោយមិនបង់ពន្ធ ឬបង់មិនគ្រប់ រួមមាន៖ គ្រឿងសំណង់ គ្រឿងជ័រ ផ្លែឈើ និងទំនិញប្រើប្រាស់គ្រប់ប្រភេទ ដែលដឹកតាមរថយន្តធំៗ និងរថយន្តសាំយ៉ុងយ៉ាងគគ្រឹកគគ្រេង។
ក្រុមឈ្មួញបានទម្លាយថា ពួកគេហាក់ដូចជាកំពុងរកស៊ីដើម្បី “ចិញ្ចឹមមន្ត្រី” ច្រើនជាងចិញ្ចឹមគ្រួសារ ដោយសារការកំណត់តម្លៃបង់លុយក្រៅផ្លូវការ (លើតុក្រោមតុ) តាមអំពើចិត្តរបស់មេប៉ុស្តិ៍ ដើម្បីជាថ្នូរនឹងការមិនបង្ក្រាប។ សកម្មភាពនេះមិនត្រឹមតែធ្វើឱ្យអាជីវករពិបាកដកដង្ហើមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ។
ពាក់ព័ន្ធនឹងករណីដុះស្លែនេះ មហាជនក៏ដូចជាអាជីវករ បានគោរពស្នើសុំដល់ ឯកឧត្តម ម៉េង ពោធិសាអភិបាលខេត្តស្វាយរៀង និង លោកឧត្តមសេនីយ៍ទោ ពេជ្រ វិរៈស្នងការនគរបាលខេត្ត មេត្តាជួយពិនិត្យ និងចាត់វិធានការស៊ើបអង្កេតលើភាពមិនប្រក្រតីនៅច្រកទ្វារបុសមននេះផងទាន។ ជាពិសេស សូមឱ្យអង្គភាពប្រឆាំងអំពើពុករលួយ (ACU) មេត្តាចុះស្រាវជ្រាវ ដើម្បីពង្រឹងច្បាប់ និងទប់ស្កាត់ការហូរចេញថវិកាជាតិចូលហោប៉ៅបុគ្គលដោយក្តីអនុគ្រោះ។
អង្គភាពសារព័ត៌មានយើងខ្ញុំ ផ្សព្វផ្សាយព័ត៌មាននេះ គ្រាន់តែចង់ជម្រាបជូនមហាជន នឹងថ្នាក់ដឹកនាំ ជ្រាបជាព័ត៌មាន ក្នុងព្រឹត្តិការណ៍អ្វីដែលកើតមាននៅក្នុងមូលដ្ឋានតែប៉ុណ្ណោះ។
អង្គភាព គេហទំព័រ ប្រម៉ាញ់ជាយ ដែន TVយើង គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ ក្នុងន័យស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការតាមរបប អ្នកសារព័ត៌មាន សូមអរគុណ។



