ខេត្តប៉ៃលិន៖ នាព្រលប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានដឹកនាំមន្ត្រីជំនាញ និងក្រុមការងារបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពការស្ថាបនា «សួនប៉ៃលិនមរតកតេជោ» ដែលមានទីតាំងស្ថិតនៅអមសងខាងដងស្ទឹងប៉ៃលិន។
គោលបំណង និងអត្ថប្រយោជន៍នៃគម្រោង
គម្រោងស្ថាបនាសួនច្បារនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងសំខាន់ៗចំនួន ៣៖
បម្រើផលប្រយោជន៍សាធារណៈ៖ បង្កើនកន្លែងសម្រាកកាយ និងហាត់ប្រាណដើម្បីសុខភាពសម្រាប់ប្រជាពលរដ្ឋ។
ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្តក្នុងខេត្តកាន់តែច្រើន ដែលជាកម្លាំងចលករជួយជំរុញសេដ្ឋកិច្ចមូលដ្ឋាន។
បន្ថែមក្រវាត់ពណ៌បៃតង៖ ការដាំដើមឈើ និងផ្កាលម្អ ដើម្បីកែលម្អបរិស្ថានក្នុងទីក្រុងឱ្យកាន់តែមានសោភ័ណភាពស្រស់បំព្រង។
អត្ថន័យនៃឈ្មោះ «សួនប៉ៃលិនមរតកតេជោ»
លោកជំទាវអភិបាលខេត្ត បានបញ្ជាក់ថា ការដាក់ឈ្មោះនេះ គឺដើម្បី៖
រំឭកដល់វីរភាព និងភាពឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំដទៃទៀត ដែលបានលះបង់ដើម្បីសុខសន្តិភាពពេញលេញ។
បង្ហាញឱ្យកូនចៅជំនាន់ក្រោយយល់ដឹងពីប្រវត្តិសាស្ត្រពិតរបស់ខេត្តប៉ៃលិន ដែលជាចំណុចផ្តើមនៃនយោបាយឈ្នះ-ឈ្នះ និងសន្តិភាព។
សួនច្បារនេះមានប្រវែងសរុប ១,៨០០ ម៉ែត្រ ចាប់ពីចំណុចស្ពានសន្តិភាព (ស្រុកសាលាក្រៅ) រហូតដល់ស្ពានអូរច្រា (ក្រុងប៉ៃលិន)។
ការសំណូមពរ៖ លោកជំទាវបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នករស់នៅតាមដងស្ទឹង មេត្តាយោគយល់ចំពោះផលប៉ះពាល់ខ្លះៗក្នុងកំឡុងពេលសាងសង់ និងចូលរួមថែរក្សាទ្រព្យសម្បត្តិសាធារណៈនេះឱ្យបានគង់វង្ស ដើម្បីជាប្រយោជន៍រួមទាំងអស់គ្នា។ដោយ សសារឿន


