ខេត្តកំពង់ស្ពឺ៖ កម្លាំងនគរបាលស្រុកភ្នំស្រួច បានធ្វើការឃាត់ខ្លួនយុវជនម្នាក់ភ្លាមៗ ក្រោយពីបានធ្វើសកម្មភាពយ៉ាងសាហាវឃោរឃៅ ដោយប្រើកាំបិតប៉័ងតោកាប់សម្លាប់ម្ដាយបង្កើតរបស់ខ្លួនឯង បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦។
សេចក្ដីរាយការណ៍ពីហេតុការណ៍
យោងតាមរបាយការណ៍ពីមន្ត្រីនគរបាលស្រុកភ្នំស្រួច បានឱ្យដឹងថា ករណីឃាតកម្មដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង ១៣:១០នាទី រសៀល នៅចំណុចភូមិព្រៃឫស្សី ឃុំជាំសង្កែ ស្រុកភ្នំស្រួច។ ជនរងគ្រោះមានឈ្មោះ យួន ផាន អាយុ ៤៧ឆ្នាំ ចំណែកជនសង្ស័យដែលត្រូវជាកូនបង្កើត មានឈ្មោះ នឿន ណែត ហៅខ្នែត ភេទប្រុស អាយុ ២២ឆ្នាំ។
តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ នៅផ្ទះមានតែជនសង្ស័យ និងម្ដាយតែពីរនាក់ប៉ុណ្ណោះ។ មូលហេតុដែលឈានដល់ការសម្លាប់នេះ គឺផ្ដើមចេញពី៖
ជនសង្ស័យបានសុំប្រាក់ពីម្ដាយចំនួន ១,០០០៛ (មួយពាន់រៀល) ដើម្បីយកទៅទិញបារីជក់។
ម្ដាយមិនព្រមឲ្យ និងបានស្ដីបន្ទោសថា ជនសង្ស័យមិនព្រមជួយធ្វើការងារផ្ទះ គិតតែពីដេកលើអង្រឹង។
ដោយសារកំហឹងខឹងនឹងម្ដាយស្ដីឲ្យ ជនសង្ស័យបានដើរទៅទាញកាំបិតប៉័ងតោពីលើតុ រួចកាប់ទៅលើម្ដាយពីក្រោយ ចំសៀតផ្កាខាងស្ដាំចំនួន ១កាំបិត បណ្ដាលឲ្យរងរបួសជាទម្ងន់។
ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យបានបោះកាំបិតចោល ហើយត្រឡប់មកដេកលើអង្រឹងធ្វើព្រងើយ ហាក់គ្មានរឿងអ្វីកើតឡើង ខណៈម្ដាយបានខំប្រឹងដើរចូលទៅដេកស្លាប់នៅក្នុងផ្ទះ។ រហូតដល់ម៉ោង ១៤:២០នាទី ថ្ងៃដដែល ទើបបុរសជាប្តី (ឪពុកជនសង្ស័យ) ត្រឡប់មកពីកាប់អុសវិញឃើញប្រពន្ធស្លាប់ ទើបបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងរាយការណ៍ជូនសមត្ថកិច្ច។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានកាប់សម្លាប់ម្ដាយបង្កើតពិតប្រាកដមែន ដោយសារខឹងម្ដាយមិនឲ្យលុយទិញបារី និងស្ដីបន្ទោសខ្លួន។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺ ចាត់ការតាមច្បាប់ជាធរមាន។ ដោយ វង់ សុខរដ្ឋា


