​ជប៉ុនផ្តល់ស្ពានបេតុងថ្មីមួយកន្លែង នៅស្រុកប្រាសាទសំបូរ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ

ខេត្តកំពង់ធំ៖ ស្ពានបេតុងថ្មីសន្លាងមួយកន្លែង ស្ថិតក្នុងភូមិអន្សរក្រហាយ ឃុំឈូក ស្រុកប្រាសាទសំបូរ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់ជាផ្លូវការហើយ កាលពីរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ។

​ព័ត៌មានលម្អិតអំពីស្ពាន៖
ទំហំបណ្តោយ ១៨ ម៉ែត្រ និងទទឹង ៥ ម៉ែត្រ។
ប្រភពថវិកា៖ ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ (គម្រោងគូសាណូណិ) ពីរដ្ឋាភិបាល និងប្រជាជនជប៉ុន។
តម្លៃសាងសង់សរុបចំនួន ១៨៥,៥៥៣ ដុល្លារអាមេរិក

​លោកអភិបាលស្រុកបានបញ្ជាក់ថា ស្ពាននេះនឹងបម្រើប្រយោជន៍ដោយផ្ទាល់ដល់ពលរដ្ឋចំនួន ៦៩ គ្រួសារ (៣៤១ នាក់) ក្នុងភូមិអន្សរក្រហាយ និងភូមិសិរីសុខា។ ពីមុនមក ការធ្វើដំណើរក្នុងរដូវវស្សាមានការលំបាកខ្លាំង ដោយសារត្រូវឆ្លងទូកក្នុងស្ថានភាពទឹកហូរខ្លាំង។
អត្ថប្រយោជន៍ចម្បងៗរួមមាន៖
​សម្រួលដល់ការធ្វើដំណើរប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។
​បង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្សក្នុងការទៅសាលារៀន។
​ជួយឱ្យការដឹកជញ្ជូនកសិផល និងការទៅទទួលសេវាសុខភាពបានលឿន និងសុវត្ថិភាព។
​ក្នុងឱកាសនោះ លោកអភិបាលស្រុកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា ដែលតែងតែជួយជ្រោមជ្រែងដល់ការអភិវឌ្ឍនៅមូលដ្ឋានផ្ទាល់ ដែលឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ៕ដោយសំនៀង