អធិការនគរបាលស្រុកសំពៅលូន ជំរុញការងារសន្តិសុខ និងចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈឱ្យមានរបៀបរៀបរយល្អ

​(បាត់ដំបង)៖ កាលពីព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងដាក់ចេញទិសដៅការងារបន្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំអធិការដ្ឋាន នាយផ្នែក និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងស្រុក។
​កិច្ចប្រជុំនេះធ្វើឡើងស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងយោបល់ណែនាំផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីពង្រឹងប្រសិទ្ធភាពការងារសន្តិសុខក្នុងមូលដ្ឋាន។
​ លោកអធិការបានប្រគល់វិទ្យុទាក់ទងចំនួន ២០ គ្រឿង ជូនដល់លោកអធិការរង នាយផ្នែក និងនាយប៉ុស្តិ៍ ដើម្បីបង្កើនល្បឿនក្នុងការទំនាក់ទំនង និងដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។

ក្រោយបញ្ចប់កិច្ចប្រជុំ លោកអធិការបានចាត់តាំងកម្លាំងផ្នែកសណ្តាប់ធ្នាប់ ចុះរៀបចំសណ្តាប់ធ្នាប់នៅចំណុចសំខាន់ៗ រួមមាន ផ្លូវបំបែកត្រាក់ទ័រចាស់ និង ផ្សារបុរីស្រីសុប៉ិន។
​ការអប់រំ និងការណែនាំ៖ កម្លាំងសមត្ថកិច្ចបានចុះអប់រំដល់អាជីវករ និងអ្នកធ្វើដំណើរ អំពីការចតយានយន្ត និងការលក់ដូរឱ្យមានរបៀបរៀបរយ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ និងលើកកម្ពស់សោភ័ណភាពទីប្រជុំជនស្រុក។
​ការចុះអនុវត្តផ្ទាល់នេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើឱ្យការធ្វើដំណើរមានភាពងាយស្រួល និងសុវត្ថិភាពជាងមុន៕ ដោយលោក សឿន ហៀឡុង