ឧត្តមសេនីយ៍ទោ សោម ស៊ុន ព្រមានដាក់ពិន័យ និងចាត់វិធានការផ្លូវច្បាប់ ចំពោះកងកម្លាំងចម្រុះ ដែលធ្វេសប្រហែស ឬគប់គិត ជាមួយជនល្មើស ក្នុងការមិនបង្ក្រាបបទល្មើសធនធានធម្មជាតិ

កំពង់ធំ÷នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ បានទៅសំណេះសំណាល និងប្រគល់ភារកិច្ច ព្រមទាំងឧបត្ថម្ភស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ប្រេងឥន្ធនៈ ជូនដល់កងកម្លាំងចម្រុះ ប្រចាំការនៅទីបញ្ជាការស្រាលទាំង៧ ក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ និងស្រុកសន្ទុក ខេត្តកំពង់ធំ ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការផ្នែកសឹករងសណ្ដាន់ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរ ចំពោះកងកម្លាំងចម្រុះទាំងអស់ ដែលបានខិតខំប្រឹងប្រែង បំពេញភារកិច្ចក្នុងការបង្ក្រាបបទល្មើសព្រៃឈើ អស់រយៈពេលជាងមួយឆ្នាំកន្លងទៅ ទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ ។ ក្នុងនោះបានទប់ស្កាត់មិនឲ្យមានការកាប់ទន្ទ្រានព្រៃឈើ យកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិបានឡើយ ។  ព្រមជាមួយនោះ បានរកឃើញនិងដកហូតដីព្រៃ ដែលជនល្មើសលួចកាប់ទន្ទ្រាននាពេលកន្លងទៅបានប្រមាណជាង ៤,០០០ហិកតា ទុកជាសម្បត្តិរបស់រដ្ឋ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនដែលត្រូវអនុវត្តបន្ត ដោយត្រូវចាត់វិធានការទប់ស្កាត់និងបង្ក្រាបឲ្យបាន មិនឱ្យមានការកាប់ទន្ទ្រានព្រៃឈើ យកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិកើតឡើងជាថ្មីទៀតបានឡើយ ។ ហើយត្រូវស្រាវជ្រាវរកឲ្យឃើញជនល្មើសដែលលួចកាប់ទន្ទ្រានព្រៃឈើក្នុងរយៈពេលថ្មីៗនេះ ដែលកងកម្លាំងកំពុងជាប់រវល់ភារកិច្ចក្នុងកិច្ចការពារបូរណភាពទឹកដី  ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងឡើយ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានព្រមានចំពោះកងកម្លាំងចម្រុះណាមួយ ដែលមិនយកចិត្តទុកដាក់ ធ្វេសប្រហែស ឬគប់គិតជាមួយជនល្មើស ក្នុងការបណ្ដែតបណ្ដោយឲ្យមានបទល្មើសព្រៃឈើកើតមានឡើង ត្រូវទទួលពិន័យ ឬត្រូវស្នើសុំបណ្ដេញចេញពីជួរកងយោធពលខេមរភូមិន្ទ នឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់ដោយគ្មានការយោគយល់ឡើយ ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូននៅស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ប្រេងឥន្ធនៈ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនកងកម្លាំងចម្រុះ ដែលកំពុងតែប្រចាំការតាមគោលដៅនីមួយៗទៀតផងដែរ៕ដោយលោកសំនៀង