ឯកឧត្តម ទេសរដ្ឋមន្ត្រី លោកស្រីអភិបាលខេត្តប៉ៃលិន និងមន្រ្តីរាជការចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកពលទោ សែម សៀវហុង ដែលបានពលីជីវិតនៅក្នុងសមរភូមិមុខទិសប្រាសាទតាក្របី

ខេត្តប៉ៃលិន៖ រហូតមកដល់ពេលនេះ គេសង្កេតឃើញលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិនបានបន្តដឹកនាំគណៈប្រតិភូ និងក្រុមការងារចូលរួមរំលែកទុក្ខដោយក្ដីគោរព និងក្ដុកក្ដួលបំផុតក្នុងពិធីគោរពវិញ្ញាណក្ខន្ធសពវីរកងទ័ពលោកពលទោ សែម សៀវហុង ដែលជាយុទ្ធជនក្រុម២ នៃកងអនុសេនាតូចទី៣ កងអនុសេនាធំទី១ វរសេនាតូច៤៤៤ តំបន់ប្រតិបត្តិការសឹងរងឧត្តរមានជ័យ មានទីលំនៅក្នុងភូមិបតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលបានពលីជីវិតកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ នៅក្នុងសមរភូមិមុខទិសប្រាសាទតាក្របី ខេត្តឧត្តរមានជ័យ។ ពិធីដ៏សោកសៅគួរឱ្យសង្វេគនេះត្រូវបានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ នៅផ្ទះគ្រួសារសពវរកងទ័ព ស្ថិតក្នុងភូមិ ឃុំខាងលើ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំសោកសង្រែងនេះ លោកប្រធានក្រុមប្រឹក្សាខេត្ត និងលោកអភិបាលខេត្តកំពតព្រមទាំងគណៈប្រតិភូពាក់ព័ន្ធអមដំណើរបានពាំនាំការរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសារនៃសពវីរកងទ័ពដែលបានពលីដើម្បីការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋខ្មែរពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាព្រមទាំងបាននាំយកថវិការួមជាមួយលិខិតរំលែកមរណទុក្ខប្រគល់ជូនដល់ក្រុមគ្រួសារសពផងដែរ។

ក្នុងពិធីបុណ្យនេះដែរ ឯកឧត្តម ទេសរដ្ឋមន្ត្រី អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ ព្រមទាំងគណៈប្រតិភូពាក់ព័ន្ធអមដំណើរក៏បានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពលោកពលទោ សែម សៀវហុង និងសូមសម្តែងនូវសេចក្តីសង្វេគ សោកស្តាយស្ទើររកទីបំផុតគ្មាន ចំពោះការបាត់បង់វីរកងទ័ពដ៏អង់អាចក្លាហានរបស់យើង ទាំងនេះជាការបាត់បង់នូវឥស្សរជន ស្នេហាជាតិដ៏ឆ្នើម ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការប្រយុទ្ធតស៊ូ ការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិពីការឈ្លានពានរបស់ទាហានថៃ។ ហើយវីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ពដើម្បីបុព្វហេតុការពារជាតិមាតុភូមិនេះគឺជាគំរូដ៏ល្អឯកសម្រាប់យុវជន និងប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវតែចងចាំនូវគុណូបការៈដ៏ថ្លៃថ្លានេះ។

ជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំខេត្តប៉ៃលិនក៏សូមឧទ្ទិសបួងសួងជួនដល់ដួងវិញ្ញាណក្ខន្ធ លោកពលទោ សែម សៀវហុង សូមឱ្យបានទៅកាន់ឋានបរមសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ ហើយដើម្បីឱ្យស័ក្តិសមចំពោះការលះបង់ដ៏ធំធេងនេះ រាល់ការចំណាយក្នុងការប្រារព្ធធ្វើពិធីបុណ្យឈាបនកិច្ចដើម្បីឧទ្ទិសកុសលផលបុណ្យ ចំពោះលោកពលទោ សែម សៀវហុង គឺលោកជំទាវអភិបាលខេត្តក្នុងនាមជាបងមួយរូបក្នុងគ្រួសារគឺជាអ្នកធានារ៉ាប់រងទាំងអស់៕ដោយលោក÷ស សារឿន