ប៉ៃលិន÷ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវវេជ្ជបណ្ឌិត Marianna Trias (ម៉ារីយ៉ាណា ទ្រីយ៉ាស) ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងលោក ហែម ឬទ្ធី អភិបាលរងខេត្តប៉ៃលិន តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសជាផ្លូវការ «ក្រុងប៉ៃលិនជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី» ជាជ័យលាភីមួយដែលមានការទទួលស្គាល់ជាផ្លូវការពីក្រសួងទេសចរណ៍ ចំពោះបណ្តាក្រុង/ស្រុក/ខណ្ឌណា ដែលបានអនុវត្តបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍បានល្អប្រសើរ ហើយជ័យលាភីនេះក៏មានការទទួលស្គាល់ដោយបណ្តាញទីក្រុងគ្មានផ្សែងបារីនៅតំបន់អាស៊ីប៉ាស៊ីហ្វិក, សម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ និងអង្គការសុខភាពពិភពលោកផងដែរ។ ពិធីនេះធ្វើឡើង នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលប្រជុំ ស.ស.យ.ក ខេត្តប៉ៃលិន។ ហើយក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងទេសចរណ៍, ថ្នាក់ដឹកនាំក្រសួងសុខាភិបាល, លោក លោកស្រីទាំងអស់មកពីក្រសួង ស្ថាប័នពាក់ព័ន្ធ មន្ទីរជំនាញ ព្រមទាំងរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងប្រតិបត្តិករទេសចរណ៍, យុវជន ស.ស.យ.ក., យុវជនកាកបាទក្រហមកម្ពុជា, គ្រប់ផ្នែក គ្រប់ថ្នាក់នៅលើទឹកដីនៃខេត្តប៉ៃលិនជាច្រើននាក់ផងដែរ។
ដំណើរដែលឈានដល់ការទទួលបានជ័យលាភីនេះ លោក ហែម ឬទ្ធី អភិបាលរងខេត្តប៉ៃលិន លើកឡើងថា អាជ្ញាធរបាន រៀបចំកម្មវិធីសិក្ខាសាលាជាបន្តបន្ទាប់ ក្នុងការចុះយុទ្ធនាការបិទស្លាកហាមជក់បារី រួមទាំងបដាផ្សព្វផ្សាយ និងការចុះត្រួតពិនិត្យវាយតម្លៃជាក់ស្ដែង។ លើសពីនេះ ជ័យលាភីនេះ ក៏មកពីការចូលរួមខិតខំប្រឹងប្រែង យ៉ាងសកម្មប្រកបដោយឆន្ទៈមោះមុត និងការទទួលខុសត្រូវខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ក្រុង មន្ទីរអង្គភាពពាក់ព័ន្ធ អាជីវករ នៃសេវាកម្មផ្សេងៗ រួមទាំងប្រជាពលរដ្ឋទាំងអស់គ្នា ជាពិសេសក្រោមការគិតគូរយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លិកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន។
លោកអភិបាលរងខេត្តបានបន្តថា: ដោយមានការយកចិត្តទុកដាក់ ពីក្រសួងទេសចរណ៍ ដែលបានខិតខំជំរុញការងារ ទីក្រុងទេសចរណ៍គ្មានផ្សែងបារី នៅក្រុងប៉ៃលិនព្រមទាំង បានរៀបចំកម្មវិធីសិក្ខាសាលា ជាបន្តបន្ទាប់ ក្នុងការចុះយុទ្ធនាការបិទស្លាកហាមជក់បារី រួមទាំងបដាផ្សព្វផ្សាយ និងការចុះត្រួតពិនិត្យ វាយតម្លៃជាក់ស្ដែង លើការអនុវត្តគោលការណ៍ណែនាំ ស្ដីពីការរៀបចំទីក្រុងទេសចរណ៍ គ្មានផ្សែងបារី នាពេលកន្លងមករហូត ទទួលបានការគាំទ្រ ពីក្រសួងទេសទេសចរណ៍ និងអង្គការសុខភាពពិភពលោក (WHO) ក្នុងការប្រកាសទទួលស្គាល់ ក្រុងប៉ៃលិន ជាទីក្រុងទេសចរណ៍គ្មានផ្សែងបារីនាពេលនេះគួរជាទីមោទន។
លោកជំទាវវេជ្ជបណ្ឌិត ម៉ារីយ៉ាណា ទ្រីយ៉ាស និងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអបអរសាទរ ក្នុងការប្រកាសជ័យលាភិក្រុងប៉ៃលិនជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី គឺជាប្រសិទ្ធនាមដែលមានការទទួលស្គាល់ជាផ្លូវការ ពីក្រសួងទេសចរណ៍ ចំពោះបណ្ដាក្រុង ស្រុក ខណ្ឌដែលបានអនុវត្តបរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍ បានល្អប្រសើរ ហើយជ័យលាភី គឺមានការទទួលស្គាល់ ដោយបណ្ដាទីក្រុងគ្មានផ្សែងបារីនៅតំបន់អាស៊ីប៉ាស៊ីហ្វិក និងសម្ព័ន្ធត្រួតពិនិត្យថ្នាំជក់ផងដែរ។លើសពីនេះទៀតការរៀបចំទីក្រុងទេសចរណ៍គ្មានផ្សែងបារី ក៏មានការគាំទ្រពីអង្គការសុខភាពពិភពលោក (WHO) ដែលបានបញ្ជាក់ឱ្យឃើញថា ការរៀបចំទីក្រុងទេសចរណ៍គ្មានផ្សែងបារីនេះ មិនត្រឹមតែលើកកម្ពស់សុខុមាលភាពភ្ញៀវទេសចរ និងអ្នកបម្រើការក្នុងវិស័យទេសចរណ៍ប៉ុណ្ណោះទេ ថែមទាំងបានចូលរួមលើកកម្ពស់សុខភាពសាធារណៈ តាមរយៈការចូលរួមកាត់បន្ថយផលប៉ះពាល់ពីការប្រើប្រាស់ផលិតផលថ្នាំជក់ មកលើសង្គមជាតិទាំងមូលទៀតផង។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក៏បានសង្កត់ធ្ងន់ថា ទាំងអស់នេះ គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍតំបន់សក្តានុពលទេសចរណ៍ធំៗ របស់ខេត្តប៉ៃលិន ដែលរួមមាន តំបន់ទេសចរណ៍វប្បធម៌, ទេសចរណ៍ប្រវត្តិសាស្ត្រ, តំបន់សហគមន៍ទេសចរណ៍, តំបន់ទេសចរណ៍ធម្មជាតិ, ទេសចរណ៍កែច្នៃ, តំបន់កសិ-ទេសចរណ៍ និង តំបន់គោលដៅទេសចរណ៍ថ្មីៗ ស្របតាមផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តប៉ៃលិន សម្រាប់.ឆ្នាំ២០២៦-២០៣០ ដែលទើបនឹងដាក់ឱ្យអនុវត្តកាលពីខែមិថុនា ឆ្នាំ២០២៥ កន្លងទៅនេះ។
ដូច្នេះការទទួលបានជ័យលាភីទីក្រុងទេសចរណ៍គ្មានផ្សែងបារីនៅថ្ងៃនេះគឺជាមោទនភាព និងបានជាតម្លៃបន្ថែមខ្ពស់មួយទៀតសម្រាប់ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ដោយលោក÷ស សារឿន




