លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ដឹកនាំកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត ចុះបង្ក្រាបករណីរំដោះជនជាប់ឃុំ ០៦ នាក់

ខេត្ត​ស្វាយរៀង​÷ អនុវត្តតាម​បទ​បញ្ជា​ដ៏ខ្ពង់ខ្ពស់​របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃ​ទី១៨ ខែវិច្ឆិកា​ ឆ្នាំ២០២៥​ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ​ ស្នងការនគរបាលខេត្ត បានដឹកនាំកម្លាំង​នគរបាល​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​ សហការ​ជាមួយ​កម្លាំង​នាយកដ្ឋាន​ព្រហ្ម​ទណ្ឌ​ នៃ​ក្រសួង​មហាផ្ទៃ​ កម្លាំងអនុរក្សពន្ធនាគារខេត្ត និងកម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្ត​ និងមានការសម្របសម្រួលពី ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត បានចុះប្រតិបត្តិការបង្ក្រាបករណីរំដោះជនជាប់ឃុំចំនួន ០៦នាក់ ប្រុស ក្នុងនោះជនជាតិវៀតណាម ០៥នាក់ និងជនជាតិខ្មែរ ០១ នាក់ ដែលកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត បង្ក្រាបកាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៥  ពាក់ព័ន្ធទៅនឹងបទល្មើស ចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស(ជំរិតទារប្រាក់ ជនជាតិវៀតណាម )​ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងប្រើប្រាស់អាវុធដោយខុសច្បាប់ ប្រព្រឹត្តនៅក្រុងបាវិត។

ជាលទ្ធផលកម្លាំងចម្រុះ​ បានស្រាវជ្រាវ​ និងបានឃាត់ខ្លួនជនជាប់ឃុំ និងស្រ្តីជនជាតិវៀតណាម ជាអ្នកផ្តល់អាវុធ និងមធ្យោបាយរថយន្ត សរុបចំនួន ០៧នាក់ ស្រី ០១នាក់​  បច្ចុប្បន្នកំពុងសាកសួរ និងបន្តនីតិវិធីនៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។