ឧត្តមសេនីយ៍ទោ សោម ស៊ុន សំណេះសំណាលសាកសួរសុខទុក្ខកងកម្លាំងចម្រុះ ប្រចាំការនៅទីបញ្ជាការស្រាលបង្ក្រាបបទល្មើសធនធានធម្មជាតិ តំបន់អូរសោម ក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការ គ្រប់គ្រង ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ បានទៅសំណេះសំណាលសាកសួរសុខទុក្ខកងកម្លាំងចម្រុះ ដែលកំពុងប្រចាំការនៅទីបញ្ជាការស្រាលតំបន់អូរសោម នឹងបានត្រួតពិនិត្យលទ្ធផលនៃការ ការពារ ទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិ នាពេលកន្លងទៅ នៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុងភូមិសាស្ត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។
លោក​ លី​ ស្រេង​ ប្រធាន​ការិយាល័យ​ឧទ្យានុរក្ស​ នៃ​មន្ទីរ​បរិស្ថាន​ខេត្តកំពង់​ធំ​ និង​ជាប្រធានទី​បញ្ជា​ការ​ស្រាល​ ប្រចាំ​ការ​នៅ​តំបន់​អូរសោម​ បាន​រាយការណ៍​អំពី​សកម្មភាព​គ្រប់គ្រង​ការ​ពារ​ទប់ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​ ក្នុង​ដែន​ជម្រក​សត្វព្រៃ​ ព្រៃ​ឡង់​ក្នុង​រយៈពេល​ជាង​មួយ​ឆ្នាំ​កន្លងទៅ​ បាន​ទទួល​លទ្ធផល​ល្អ​គួរ​ជា​ទី​មោទនៈ​ ដោយ​កងកម្លំាង​ចម្រុះ​បាន​សាមគ្គី​សហការ​គ្នា​បំពេញ​ភារកិច្ច​ទប់ស្កាត់​បាន​ជោគជ័យ​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃឈើ​របស់​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ​ ហើយ​ដី​ព្រៃឈើដែលបានលួច​កាប់​ទន្ទ្រាន​កន្លង​ទៅ​ត្រូវ​បាន​ដកហូត​ទុក​ជា​សម្បត្តិ​របស់​រដ្ឋ​ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លៃងអំណរគុណចំពោះកងកម្លាំងចម្រុះ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចក្នុងរយៈពេលជាងមួយឆ្នាំកន្លងទៅនេះ ទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ ។ ដោយបច្ចុប្បន្នមិនមានជនល្មើសណាមួយ លបលួចកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋ យកធ្វើជាកម្មសិទ្ធិនៅក្នុងតំបន់ព្រៃឡង់ទៀតបានឡើយ ។ ហើយដីព្រៃដែលបានលួចកាប់ទន្ទ្រានកន្លងទៅ ត្រូវបានកងកម្លាំងចម្រុះគ្រប់គ្រង ជាសម្បត្តិរបស់រដ្ឋ ហើយត្រូវបានដុះលូតលាស់ដោយព្រៃធម្មជាតិឡើងវិញផងដែរ ។ ដោយឡែកការលួចកាប់ និងដឹកជញ្ជូនផលអនុផលព្រៃឈើ នៅក្នុង​ព្រៃ​សហគមន៍​មួយ​ចំនួន​ នៅ​មានសេសសល់បន្តិចបន្តួចនៅឡើយ ដែលចាំបាច់យើងត្រូវបន្តទប់ស្កាត់​ និង​បង្ក្រាបឲ្យបានជាដាច់ខាត​ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ច ជូនដល់កងកម្លាំងចម្រុះទាំងអស់ ត្រូវបន្តសកម្មភាពឲ្យដូចភ្លៀងរលឹម ក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ តាមបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងឯកឧត្តមអភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ឲ្យទទួលបានជោគជ័យ ដើម្បីបុព្វហេតុប្រជាជន និងសង្គមជាតិយើងទាំងមូល ។
នៅក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ប្រេងឥន្ធនៈ ដែល​ជាអំណោយរបស់​សម្តេច​មហា​បវរ​ធិបតី​ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​ តាម​រយៈ​ឯកឧត្តម​វង្សី​ វិស្សុត​ ឧបនាយករដ្ឋមន្ត្រី​ ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ខេត្ត​កំពង់​ធំ​ ជូនដល់កងកម្លាំងចម្រុះ នៅទីបញ្ជាការស្រាលតំបន់អូសោម ដើម្បីបន្តសកម្មភាពបង្ក្រាបបទល្មើសធនធានធម្មជាតិ ឲ្យដូចភ្លៀងរលឹមដោយគ្មានការដកថយឡើយ ។