លោកជំទាវ បានស្រីមុំ អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ អគ្គកុងស៊ុលសាធារណរដ្ឋកូរ៉េ

ខេត្តប៉ៃលិន៖ នៅថ្ងៃសុក្រ ទី២៤ ខែតុលា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានទទួលស្វាគមន៍ឯកឧត្តម KIM SUNGTAI អគ្គកុងស៊ុល នៃស្ថានកុងស៊ុលសាធារណរដ្ឋកូរ៉េ ប្រចាំខេត្តសៀមរាប ក្នុងដំណើរទស្សនកិច្ច សិក្សាអំពីស្ថានភាពទូទៅក្នុងខេត្តប៉ៃលិន ក្នុងគោលដៅពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការ លើសក្តានុពលវិស័យកសិកម្ម និងទេសចរណ៍បរិស្ថានធម្មជាតិ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានឯកឧត្តម KIM SUNGTAI អគ្គកុងស៊ុល នៃស្ថានកុងស៊ុលសាធារណរដ្ឋកូរ៉េ ប្រចាំខេត្តសៀមរាប និងសហការី ដែលបានអញ្ជើញមកកាន់ទឹកដីខេត្តប៉ៃលិន ព្រមទាំងបានជម្រាបជូនអំពីស្ថានភាពភូមិសាស្រ្ត ស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ស្ថានភាពសេដ្ឋកិច្ច, ស្ថានភាពសន្តិសុខ និងសក្តានុពលរបស់ខេត្ត។

លោកជំទាវ បានមានប្រសាសន៍បញ្ជាក់ថា៖ សាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជាគឺជាមិត្ដដ៏ជិតស្និទ្ធមិត្តពិតប្រាកដ និងទុកចិត្តគ្នា ហើយតាមរយៈការពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់រវាង ថ្នាក់ដឹកនាំនៃប្រទេស ទាំងពីរចំណងមិត្តភាពនេះបានប្រែក្លាយទៅជាមិត្តភាព ដែលមិនអាចកាត់ថ្លៃបាន និងជំរុញកិច្ចសហប្រតិបត្តិការរវាងគ្នានឹងគ្នាឱ្យបានកាន់តែស្អិតរមួតបន្ថែមទៀត ហើយជាក់ស្តែងនៅខេត្តប៉ៃលិន រដ្ឋាភិបាល និងប្រជាជនកូរ៉េ កន្លងមកបានជួយឧត្ថម្ភគាំទ្រលើវិស័យនានាជាច្រើន រួមទាំងការផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សក្រីក្រ ដើម្បីបានបន្តការសិក្សានៅសាធារណរដ្ឋកូរ៉េ ផងដែរ។

ជាការឆ្លើយតបឯកឧត្តម KIM SUNGTAI អគ្គកុងស៊ុល នៃស្ថានកុងស៊ុលសាធារណរដ្ឋកូរ៉េ ប្រចាំខេត្តសៀមរាប បានមានប្រសាសន៍កោតសរសើ វាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍរីកចម្រើនរបស់ខេត្តប៉ៃលិន ព្រមទាំងសន្យាថា នឹងខិតខំឱ្យអស់ពីលទ្ធភាពដើម្បីឆ្លើយតបទៅនឹងសេចក្តី ត្រូវការរបស់អាជ្ញាធរ និងប្រជាពលរដ្ឋខេត្តប៉ៃលិន ក្នុងនាមប្រទេសជាមិត្តដ៏យូអង្វែង ជាពិសេសបង្កើនកិច្ចសហប្រតិបត្តិការ ឱ្យបានកាន់តែល្អប្រសើឡើង ស្របតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់ទី១ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលមានសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

ឯកឧត្តមអគ្គកុងស៊ុល បានមានប្រសាសន៍គូសបញ្ជាក់ថា៖ ការជួបសម្តែងការគួរសមនាពេលនេះដែរ គឺមានគោលបំណង ដើម្បីស្វែងរកការគាំទ្រ និងជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការ លើការធ្វើពាណិជ្ជកម្ម, វិស័យកសិកម្ម, វិស័យទេសចរណ៍ និងការទំនាក់ទំនងរវាងប្រជាជននិងប្រជាជនការវិនិយោគរវាងប្រទេសទាំងពីរ ជាពិសេសខេត្តប៉ៃលិន និងសាធារណៈកូរ៉េ ដើម្បីលើកតម្កើងនូវស្ថានភាពសេដ្ឋកិច្ចរបស់ប្រជាជននៃប្រទេសទាំងពីរឱ្យមានភាពល្អប្រសើរឡើងថែមទៀត៕