កំពង់ធំះ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យមើលស្ថានភាពដំណាំដំឡូងមី របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកតាំងគោក ដែលបានរងផលប៉ះពាល់ដោយសារភ្លៀងធ្លាក់ជាប់ៗគ្នា ជាច្រើនថ្ងៃ ដែលធ្វើកន្លែងខ្លះដំណាំដំឡូងរបស់ប្រជាពលរដ្ឋត្រូវបានខូចខាត។
ក្នុងឱកាសចុះពិនិត្យលោក ហាក់ ម៉ុងហួត ក៏បានជំរុញឱ្យអាជ្ញាធរភូមិ/ឃុំ ត្រូវមានភាពម្ចាស់ការក្នុងពេលមានគ្រោះមហន្តរាយធម្មជាតិកើតមានក្នុងភូមិសាស្ត្រខ្លួន ដោយធ្វើយ៉ាងណាកុំឱ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ដោយត្រូវប្រើប្រាស់គ្រប់វិធានការចាំបាច់នានា ក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។
លោលអភិបាលស្រុក ក៏បានណែនាំដល់អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធត្រូវរួមសហការគ្នាធ្វើការវាយតម្លៃពីផលប៉ះពាល់ និងការខូចខាតដំណាំដំឡូងមីដោយសារទឹកភ្លៀងនេះឱ្យបានច្បាស់លាស់ និងលើកផែនការជាក់លាក់ ដើម្បីជាវិធានការជួយដល់ប្រជាពលរដ្ឋ, ជាពិសេសត្រូវយកចិត្តទុកដាក់លើការងារជួសជុលហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន និងដំណាំស្រូវឱ្យបានទាន់ពេលវេលា និងឆាប់រហ័ស៕ដោយលោក សំនៀង


