ខេត្តសៀមរាប÷ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប បានសម្តែងការខកចិត្ត និងរិះគន់យ៉ាងធ្ងន់ៗចំពោះចំណាត់ការរបស់សមត្ថកិច្ចមូលដ្ឋាន ដែលបានចុះពិនិត្យ និងធ្វើកិច្ចសន្យាខុសទីតាំង លើករណីល្បែងស៊ីសងប្រភេទ «យូគី» ធ្វើឱ្យមហាជនសង្ស័យថាជាចេតនាបង្វែរដាន ឬធ្វើការបែបលំអៀង។
យោងតាមប្រភពព័ត៌មានពីអង្គភាព សៀមរាប ប៉ុស្តិ៍ ដែលត្រូវបានអង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន TV យកមកស្រាវជ្រាវ និងដកស្រង់ផ្សាយបន្ថែម បានឱ្យដឹងថា ប្រជាពលរដ្ឋបានរាយការណ៍អំពីទីតាំងបើកល្បែងយូគីដ៏ធំចំនួន ២ កន្លែង ដែលមានម្ចាស់តែមួយ (ឈ្មោះ ទូច និងឈ្មោះ អីន) រួមមាន៖
១. ស្ថិតនៅភូមិអន្លង់ព្រីងក្រោម ឃុំអន្លង់សំណរ ស្រុកជីក្រែង
២. ស្ថិតនៅភូមិអូរត្នោត ឃុំស្ពានត្នោត ស្រុកជីក្រែង
ទោះជាយ៉ាងណា កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅ បន្ទាប់ពីទទួលបានព័ត៌មានពីការចុះផ្សាយរបស់សារព័ត៌មាន សមត្ថកិច្ចនគរបាលស្រុកជីក្រែងបានចុះទៅធ្វើកិច្ចសន្យាណែនាំបញ្ឈប់ការលេងល្បែងស៊ីសង នៅចំណុចភូមិល្បើក ឃុំអន្លង់សំណរ ទៅវិញ។
ការចុះទៅធ្វើកិច្ចសន្យាលើប្រជាពលរដ្ឋឈ្មោះ អាន សំណាង អាយុ ៤៩ឆ្នាំ នៅភូមិល្បើក ត្រូវបានសាមីខ្លួនបញ្ជាក់យ៉ាងច្បាស់ថា ផ្ទះរបស់លោកមិនដែលបានបើកល្បែងស៊ីសងនោះឡើយ ហើយរូបភាពដែលត្រូវបានយកទៅប្រើប្រាស់ក្នុងសារព័ត៌មាន គឺជារូបភាពចាស់ប៉ុណ្ណោះ។ ករណីនេះបានចោទជាសំណួរយ៉ាងធំថា «ហេតុអ្វីបានជាសារព័ត៌មានចុះផ្សាយចំពោះទីតាំងនៅភូមិអន្លង់ព្រីងក្រោម ប៉ុន្តែសមត្ថកិច្ចបែរជាចុះទៅធ្វើកិច្ចសន្យាលើពលរដ្ឋនៅភូមិល្បើកទៅវិញ?» ដែលទង្វើនេះបង្ហាញយ៉ាងច្បាស់ពីការចុះខុសគោលដៅ ឬជាការធ្វើការដើម្បីតែបង្គ្រប់កិច្ច។
ជុំវិញបញ្ហានេះ លោកវរសេនីយ៍ឯក តាំង លីហេង អធិការនគរបាលស្រុកជីក្រែង បានបញ្ជាក់ប្រាប់សារព័ត៌មានថា កម្លាំងជំនាញរបស់លោកបានចុះពិនិត្យទីតាំងដែលបានរាយការណ៍ ប៉ុន្តែមិនឃើញមានសកម្មភាពលេងនោះទេ ហើយលោកក៏បានចេញបញ្ជាយ៉ាងម៉ឺងម៉ាត់ទៅកាន់មេប៉ុស្តិ៍ មិនឱ្យមានល្បែងស៊ីសងក្នុងដែនសមត្ថកិច្ចជាដាច់ខាត។
ទោះបីជាមានការអះអាងពីខាងអធិការដ្ឋានយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននៅតែលើកឡើងថា ល្បែងយូគីនៅតែបន្តដំណើរការយ៉ាងគគ្រឹកគគ្រេង និងជាដើមហេតុបង្កឱ្យមានអសន្តិសុខក្នុងភូមិ-ឃុំ ជាបន្តបន្ទាប់។
ក្នុងន័យស្ថាបនា និងដើម្បីពង្រឹងគោលនយោបាយ «ភូមិ-ឃុំ មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាល ប្រជាពលរដ្ឋស្រុកជីក្រែង សូមគោរពស្នើសុំយ៉ាងទទូចដល់ លោកស្នងការនគរបាលខេត្តសៀមរាប និងលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប មេត្តាចាត់កម្លាំងជំនាញថ្នាក់ខេត្ត ចុះស្រាវជ្រាវ និងបង្ក្រាបទីតាំងល្បែងស៊ីសងពិតប្រាកដទាំងនោះដោយផ្ទាល់ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត និងដើម្បីស្តារជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើអាជ្ញាធរមានសមត្ថកិច្ចឡើងវិញ៕យោងតាមប្រភពព័ត៌មាន សៀមរាប ប៉ុស្តិ៍



