ខេត្តប៉ៃលិន÷ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន អមដំណើរដោយ លោកជំទាវបណ្ឌិតបាន ស្រី មុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងក្រុមការងារពាក់ព័ន្ធ បានអញ្ជើញជាអធិបតីក្នុងពិធីនាំយកទេយ្យទាន ទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគ និងបច្ច័យ វេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស មកពីគ្រប់ ៣៤វត្ត
ទូទាំងខេត្តប៉ៃលិន ដែលពិធីនេះបានប្រព្រឹត្តទៅនៅវត្តរតនសោភ័ណ (ហៅវត្តកោងកាង) ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងលើសុខដុមនីយកម្មសាសនា និងការរីកចម្រើនទន្ទឹមគ្នារវាង ពុទ្ធចក្រ និងអាណាចក្រ។ ក្រោមបរិយាកាសនៃសុខសន្តិភាព និងស្ថេរភាពនយោបាយ ប្រជាពលរដ្ឋមានជីវភាពកាន់តែធូរធារ ហើយបានចូលរួមយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍទីវត្តអារាមឱ្យកាន់តែរីកចម្រើនជាលំដាប់។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថា ពិធីចូលកាន់ព្រះវស្សាជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុ សាមណេរ ក្នុងការសិក្សារៀនសូត្រព្រះបរិយត្តិធម៌ និងប្រតិបត្តិធម៌វិន័យឱ្យបានខ្ជាប់ខ្ជួនតាមពុទ្ធប្បញ្ញត្តិ រយៈពេល ៣ខែ (ចាប់ពីថ្ងៃ ១រោច ខែអាសាឍ ដល់ថ្ងៃ ១៥កើត ខែអស្សុជ)។ ការនាំយកទេយ្យទាន និងបច្ច័យមកប្រគេននាពេលនេះ គឺដើម្បីសម្រួលដល់ជីវភាព និងការលំបាកផ្សេងៗ របស់ព្រះសង្ឃក្នុងអំឡុងពេលគង់ចាំព្រះវស្សា។
ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើ និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះធម្មជាតិ ដូចជា ភ្លៀងធ្លាក់ខ្លាំង ខ្យល់កន្ត្រាក់ និងផ្គររន្ទះ ក្នុងរដូវវស្សានេះ។ ប្រសិនបើមានហេតុការណ៍អាសន្ន ឬគ្រោះមហន្តរាយណាមួយកើតឡើង សូមប្រញាប់រាយការណ៍ជូនអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុតជាបន្ទាន់ ដើម្បីឱ្យក្រុមការងារអាចចុះអន្តរាគមន៍ និងផ្តល់ជំនួយសង្គ្រោះទាន់ពេលវេលា។
សូមបញ្ជាក់ថា ទេយ្យទាន និងគ្រឿងឧបភោគបរិភោគដែលបានប្រគេនដល់វត្តទាំង ៣៤ ក្នុង ១វត្តៗទទួលបាន៖
ទៀនព្រះវស្សា
អង្ករ, ទឹកសុទ្ធ, ទឹកផ្លែឈើ, ទឹកដោះគោ
ទឹកត្រី, ត្រីខ, មី, តែ, ស្ករស
ព្រមទាំងបច្ច័យមួយចំនួនទៀតផងដែរ។រាយការណ៍÷ដោយលោកស សារឿន



