ខេត្តបន្ទាយមានជ័យ÷ដោយទទួលបានការតម្រង់ទិស និងបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង លោកឧត្តមសេនីយ៍ត្រីសឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀនបានបង្ហាញពីផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែង និងប្រតិបត្តិការយ៉ាងរហ័សទាន់ចិត្តក្នុងការការពារសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ។
ជាក់ស្តែង នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ក្រោមការដឹកនាំផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី ធុន ស៊ិនដេត ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងការិយាល័យជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានបើកប្រតិបត្តិការស្រាវជ្រាវ និងឈានទៅបង្ក្រាបជាក់ស្តែងភ្លាមៗ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍រហ័សពីប្រជាពលរដ្ឋល្អក្នុងមូលដ្ឋាន។
ជាលទ្ធផលនៃប្រតិបត្តិការដ៏ជោគជ័យនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃចំនួន ០៣នាក់ព្រមទាំងដកហូតវត្ថុតាងមួយចំនួន ៖
ដំណាក់កាលទី ១
ចុះឃ្លាំមើល និងឃាត់ខ្លួនជនសង្ស័យ ០២នាក់ នៅចំណុចផ្លូវសាធារណៈ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ៖
ឈ្មោះបរិវ៉េត ថងមុឺន (ហៅ ម៉ុន) ភេទប្រុស អាយុ ២៦ឆ្នាំ (ជនជាតិថៃ)
ឈ្មោះជីរ៉ាក់សាក់ សារ៉ាក់រ៉ាត (ហៅ កេប) ភេទប្រុស អាយុ ៣១ឆ្នាំ (ជនជាតិថៃ)
វត្ថុតាងដករហូត÷ ក្បាល POD K ចំនួន ០១ថង់ និងបារីអេឡិចត្រូនិច (វ៉េប) ចំនួន ០៣ដើម។
ដំណាក់កាលទី២ ៖
ដោយមានស្មារតីទទួលខុសត្រូវខ្ពស់ និងស្រាវជ្រាវក្តាប់បានមុខសញ្ញាប្រភពដើម កម្លាំងជំនាញបានបន្តឈានទៅឃាត់ខ្លួនជនសង្ស័យទី៣ ឈ្មោះ ការ៉ាន់ កិនបូកែវ (ហៅ អូក) ភេទប្រុស អាយុ ៤៧ឆ្នាំ (ជនជាតិថៃ) នៅចំណុចបុរីដួងចាន់ ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
វត្ថុតាងដកហូតបានបន្ថែម÷ ក្បាល POD K វេចខ្ចប់រួចចំនួន ១៦ថង់, បារីអេឡិចត្រូនិច (វ៉េប) ចំនួន ០១ដើម និងទូរស័ព្ទដៃចំនួន ០២គ្រឿង។
ប្រតិបត្តិការដ៏រហ័ស និងមានប្រសិទ្ធភាពនេះ បានបង្ហាញយ៉ាងច្បាស់ពីស្មារតីម្ចាស់ការ និងការយកចិត្តទុកដាក់ខ្ពស់របស់កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ក្នុងការលុបបំបាត់បទល្មើសគ្រឿងញៀន និងសារធាតុញៀនគ្រប់រូបភាព ដើម្បីសុវត្ថិភាពសង្គម។
បច្ចុប្បន្ន ជនសង្ស័យទាំង ០៣នាក់ ព្រមទាំងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់ការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕សម្រួលអត្ថបទដោយលោក មុត ចិត្រា ហៅ ប្រម៉ាញ់ជាយដែន

