ក្រុងប៉ោយប៉ែត÷ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានបង្ហាញពីស្មារតីទទួលខុសត្រូវខ្ពស់ និងការឆ្លើយតបយ៉ាងទាន់ចិត្តចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយបានបើកប្រតិបត្តិការចុះបង្ក្រាប និងឃាត់ខ្លួនក្រុមជួញដូរ និងប្រើប្រាស់គ្រឿងញៀនប្រុសស្រីចំនួន ០៤នាក់ (ក្នុងនោះមានជនបរទេស ៣នាក់) កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១២:០០នាទី ត្រង់ចំណុចជិតសាលាដុនប៊ូស្គូ ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
កិច្ចប្រតិបត្តិការដ៏ជោគជ័យនេះ អាចប្រព្រឹត្តទៅបានយ៉ាងលឿនរហ័ស គឺផ្ដើមចេញពីកិច្ចសហការយ៉ាងស្អិតល្មួតរវាងប្រជាពលរដ្ឋ និងសមត្ថកិច្ច ដោយមានប្រជាពលរដ្ឋល្អបានរាយការណ៍ផ្ទាល់តាមទូរស័ព្ទ។ ភ្លាមៗនោះ ក្រោមបទបញ្ជាដឹកនាំដ៏ម៉ឺងម៉ាត់ និងទាន់ពេលវេលាពី លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នង ការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងមានការបញ្ជាផ្ទាល់នៅលើសមរភូមិដោយ លោក វរសេនីយ៍ទោ ព្រហ្ម ពិសិដ្ធ អធិការនគរបាលក្រុងប៉ោយប៉ែត កម្លាំងជំនាញនៃផែនប្រឆាំងគ្រឿងញៀន បានចុះអន្តរាគមន៍ឡោមព័ទ្ធ និងក្រសោបបានក្រុមជនសង្ស័យទាំង ០៤នាក់តែម្ដង។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន រួមមាន៖
ជនជាតិចិន ០១នាក់ (ប្រុស)
ជនជាតិវៀតណាម ០២នាក់ (ស្រី)
ជនជាតិខ្មែរ ០១នាក់ (ប្រុស)
នៅក្នុងកិច្ចប្រតិបត្តិការនេះដែរ កម្លាំងបង្រ្កាបរបស់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដកហូតបានវត្ថុតាងខុសច្បាប់រួមមាន៖
១. ម្សៅក្រាមពណ៌សថ្លា (សង្ស័យជាសារធាតុញៀន) ចំនួន ២១កូនថង់តូច
២. ថ្នាំគ្រាប់ពណ៌ក្រហម មានអក្សរ WY (សង្ស័យជាសារធាតុញៀន) ចំនួន ២០២គ្រាប់ (ក្នុងនោះមានពណ៌បៃតងចំនួន ០២គ្រាប់) និងកំទេចថ្នាំមួយកូនថង់
៣. បារីអេឡិចត្រូនិច (Vape) ចំនួន ០៥ដើម
៤. ដបទឹកសម្រាប់ច្រកចូលក្បាលវ៉ែប ចំនួន ១៤ដប ព្រមទាំងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត។
ក្រោយការឃាត់ខ្លួន កម្លាំងជំនាញបានធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀនលើជនសង្ស័យទាំង ០៤នាក់ ជាលទ្ធផលគឺវិជ្ជមាន(+) ទាំងអស់។
សកម្មភាពបង្ក្រាបយ៉ាងទាន់ចិត្ត និងប្រកបដោយវិជ្ជាជីវៈរបស់ថ្នាក់ដឹកនាំ និងមន្ត្រីនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រោះបានរួមចំណែកយ៉ាងធំធេងក្នុងការភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងកាត់បន្ថយភាពអសកម្មនានាតាមភូមិឃុំមានសុវត្ថិភាព។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញកំពុងរៀបចំកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់៕សម្រួលអត្ថបទ÷ដោយលោកមុត ចិត្រា ហៅ ប្រម៉ាញ់ជាយដែន

