ក្រុមប្រឹក្សាខេត្តប៉ៃលិនបើកកិច្ចប្រជុំសាមញ្ញាលើកទី ២៥ អាណត្តិទី ៥ដើម្បីពង្រឹងការងារអភិវឌ្ឍន៍និងដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ

​ខេត្តប៉ៃលិន÷នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៤ របស់ខ្លួន ក្រោមអធិបតីភាព ឯកឧត្តម ជាចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និង លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន។ កិច្ចប្រជុំនេះក៏មានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត និងអាជ្ញាធរក្រុង-ស្រុកជាច្រើនរូបផងដែរ។
​ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី២៤។​ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងារប្រចាំខែឧសភា ឆ្នាំ២០២៦ និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្ត។
​ពិនិត្យ និងអនុម័តដីកាស្តីពីប្រតិទិនកិច្ចប្រជុំសាមញ្ញរយៈពេល ១២ខែ ឆ្នាំទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត។
​ពិនិត្យ និងអនុម័តពាក្យសុំច្បាប់របស់សមាជិកក្រុមប្រឹក្សាខេត្ត និងពិភាក្សាលើបញ្ហាផ្សេងៗ។
លលោកជំទាវបណ្ឌិតបានស្រីមុំបានមានប្រសាសន៍ក្រើនរំលឹកដល់មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ដោះស្រាយរាល់បញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ដោយមិនត្រូវទុកចោលឡើយ។ ជាពិសេស ត្រូវគិតគូរខ្ពស់ពីសុខទុក្ខ និងជីវភាពរបស់បងប្អូនពលករដែលទើបវិលត្រឡប់មកពីប្រទេសថៃ ដោយត្រូវសហការជួយសម្របសម្រួលស្វែងរកការងារធ្វើជូនពួកគាត់។
​ជាមួយគ្នានេះ លោកជំទាវអភិបាលខេត្ត ក៏បានកោតសរសើរដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ដែលបានសហការគ្នាយ៉ាងល្អក្នុងការការពារបូរណភាពទឹកដី រក្សាសន្តិសុខសណ្តាប់ធ្នាប់ បង្ក្រាបបទល្មើសបច្ចេកវិជ្ជា (Online Scams) និងការផ្តល់សេវាសាធារណៈជូនពលរដ្ឋបានល្អប្រសើរ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី។
​មានប្រសាសន៍បូកសរុបក្នុងកិច្ចប្រជុំ ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត បានវាយតម្លៃខ្ពស់ចំពោះគណៈអភិបាលខេត្ត ដែលបានខិតខំអភិវឌ្ឍខេត្តប៉ៃលិនឱ្យមានការប្រែប្រួលមុខមាត់ថ្មី គួរជាទីមោទនៈ ព្រមទាំងបានអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពយ៉ាងមានប្រសិទ្ធភាព។ ឯកឧត្តមក៏បានកោតសរសើរចំពោះការយកចិត្តទុកដាក់ជួយសម្របសម្រួល និងរកការងារធ្វើជូនពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ផងដែរ។
​ជាទីបញ្ចប់ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ត្រូវបន្តខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ទាន់សភាពការណ៍ និងមានប្រសិទ្ធភាពខ្ពស់ ដែលនេះជាការចូលរួមចំណែកអនុវត្ត យុទ្ធសាស្ត្របញ្ញាកោនដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ឱ្យសម្រេចបានជោគជ័យ៕
ដោយ លោក ស.សារឿន