កម្លាំងរសនាតូច ៨១៥ បង្ក្រាបបារីលួចនាំចេញទៅប្រទេសថៃបានចំនួន២៣ ការ៉ុងប៉ុន្តែជនល្មើស នៅតែជាស្រមោល

បន្ទាយមានជ័យ÷ កម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនគោកចំបក់ នៃវរសេនាតូចលេខ ៨១៥ បានបើកប្រតិបត្តិការបង្ក្រាបករណីលួចនាំចេញបារីខុសច្បាប់ទៅកាន់ប្រទេសថៃ ដោយដកហូតបានវត្ថុតាងចំនួន ២៣ការ៉ុង កាលពីវេលាម៉ោង ៣:០០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ។

​ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងដឹកនាំដោយលោកវរសេនីយ៍ឯក សួង សៅមេបញ្ជាការវរសេនាតូច ៨១៥។ បច្ចុប្បន្ន វត្ថុតាងត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីចាត់ការបន្តតាមនីតិវិធី។

​ទោះបីជាប្រតិបត្តិការនេះត្រូវបានមើលឃើញថាជាការខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចក៏ដោយ ប៉ុន្តែអ្វីដែលជាការកត់សម្គាល់ និងជាក្ដីបារម្ភរបស់មហាជននោះគឺ វត្តមានរបស់ជនល្មើស។ ក្នុងករណីបង្ក្រាបបទល្មើសឆ្លងដែនភាគច្រើនកន្លងមក សមត្ថកិច្ចហាក់ដូចជាសម្រេចបានត្រឹមតែការដកហូតវត្ថុតាងប៉ុណ្ណោះ ចំណែកឯជនល្មើស ឬមេខ្លោងដែលនៅពីក្រោយខ្នង តែងតែអាចគេចខ្លួនបានដោយសុវត្ថិភាពជានិច្ច។

​ការដែលសមត្ថកិច្ចមិនដែលឃាត់ខ្លួនជនល្មើសបាន តើមកពីសមត្ថកិច្ចខ្វះបច្ចេកទេសក្នុងការឡោមព័ទ្ធ ឬមួយក៏មានការ «បើកផ្លូវ» មុនពេលចុះទៅដល់?
បើចាប់បានតែវត្ថុតាង តែមិនអាចរកមុខសញ្ញាជនល្មើសមកផ្ដន្ទាទោសតាមផ្លូវច្បាប់បើពុំដូច្នោះនោះទេបទល្មើសនឹងនៅតែបន្តកើតមានដដែលៗ ព្រោះអ្នករកស៊ីខុសច្បាប់គ្រាន់តែខាតបង់ទំនិញ ប៉ុន្តែខ្លួននៅមានសេរីភាពអាចបន្តសកម្មភាពដដែលនៅថ្ងៃក្រោយ។

​មហាជនសង្ឃឹមថា អាជ្ញាធរពាក់ព័ន្ធនឹងពង្រឹងការស៊ើបអង្កេតឱ្យដល់ឫសគល់ ដើម្បីវែកមុខរកម្ចាស់ទំនិញពិតប្រាកដមកដោះស្រាយចំពោះមុខច្បាប់ ជាជាងការបង្ហាញត្រឹមតែលទ្ធផលនៃចំនួនវត្ថុតាងដែលដកហូតបាន។ដោយ មុតចិត្រា ប្រម៉ាញ់ជាយដែន