(ខេត្តកំពង់ស្ពឺ)៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង ១៥:០០នាទី ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦។
ក្នុងកិច្ចប្រតិបត្តិការល្បាតនៅចំណុចភូមិទួលបារ៉ាយ ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ រួមមាន៖
១. ឈ្មោះ ម៉ៅ សុខមាន ភេទប្រុស អាយុ ២៦ឆ្នាំ
២. ឈ្មោះ គក ណាក់ ភេទប្រុស អាយុ ៣៦ឆ្នាំ
៣. ឈ្មោះ ម៉ៅ ពុទ្ធរ៉ា ភេទប្រុស អាយុ ២៤ឆ្នាំ
៤. ឈ្មោះ ឃឺន ប៊ុនថៃ ភេទប្រុស អាយុ ១៥ឆ្នាំ
(អ្នកទាំង ៤ រស់នៅភូមិទួលបារ៉ាយ ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ)
៥. ឈ្មោះ ថាត គឹមសាង (ហៅ បឹម) ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិគោរសណ្តែក ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ។
វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖
គ្រឿងញៀនចំនួន ០៥ កញ្ចប់តូច
ទូរស័ព្ទដៃចំនួន ០១ គ្រឿង
ម៉ូតូចំនួន ០១ គ្រឿង
ព្រមទាំងឧបករណ៍កែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យទាំង ៥នាក់ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ ដោយ វង់ សុខរដ្ឋា

