ខេត្តកណ្ដាល៖ ចៅក្រមស៊ើបសួរសាលដំបូងខេត្តកណ្ដាល លោក លាង លីហៀង បានសម្រេចចេញដីកាឃុំខ្លួនក្រុមក្មេងទំនើងចំនួន ១៦នាក់ ដាក់ពន្ធនាគារបណ្ដោះអាសន្ន កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦។ ការសម្រេចនេះធ្វើឡើងបន្ទាប់ពីតំណាងអយ្យការ លោកស្រី ផាន់ សុគន្ធថង បានចោទប្រកាន់ពួកគេពីបទ «កាន់កាប់អាវុធប្រហារដោយគ្មានការអនុញ្ញាត» យោងតាមបញ្ញត្តិមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ។
សកម្មភាពបង្ក្រាប និងការឃាត់ខ្លួន
យោងតាមរបាយការណ៍ពីលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឱ្យដឹងថា ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញបានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបបានចំនួន ៤ករណីផ្សេងគ្នា៖
ករណីទី១ និងទី៤៖ បង្ក្រាបអំពើលួចមានស្ថានទម្ងន់ទោស (ធាក់ប្លន់យកម៉ូតូ) នៅសង្កាត់ស្វាយរលំ និងសង្កាត់រកាខ្ពស់ ដោយដកហូតម៉ូតូប្រគល់ជូនជនរងគ្រោះវិញ។
ករណីទី២ និងទី៣៖ ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងការកាន់កាប់អាវុធប្រហារខុសច្បាប់ នៅលើមហាវិថីស៊ីជិនពីង (ផ្លូវក្រវ៉ាត់ក្រុងទី៣) និងចំណុចផ្លូវលេខ ២១។
ទិដ្ឋភាពច្បាប់
យោងតាម មាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ បុគ្គលដែលកាន់កាប់ ឬដឹកជញ្ជូនអាវុធ គ្រឿងផ្ទុះ ឬគ្រាប់រំសេវនៅក្រៅលំនៅដ្ឋានដោយគ្មានការអនុញ្ញាត ត្រូវប្រឈមនឹង៖ ទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ៣ឆ្នាំ ពិន័យជាប្រាក់ពី ១លាន ទៅ ៦លានរៀល
លោកអធិការនគរបាលក្រុងតាខ្មៅ បានបញ្ជាក់ពីជំហរយ៉ាងមុតមាំក្នុងការបន្តអនុវត្តវិធានការច្បាប់ «ដូចភ្លៀងរលឹម» ដើម្បីបង្ក្រាបរាល់បទល្មើសគ្រប់ទម្រង់ សំដៅធានាសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានល្អប្រសើរ។ ដោយវង់សុខរដ្ឋា ប្រម៉ាញ់ ០១

