ខេត្តបាត់ដំបង៖ កម្លាំងនគរបាលស្រុកសង្កែ បានបើកប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្លន់ទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងសកម្ម ដោយប្រើវិធីសាស្ត្រគ្រោះថ្នាក់បំផុត គឺការធាក់ម៉ូតូឱ្យដួល និងការរាយខ្សែលួសកាត់ផ្លូវ។
កិច្ចប្រតិបត្តិការ និងការឃាត់ខ្លួន
អនុវត្តតាមអនុសាសន៍ដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានដឹកនាំកម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ចាន់ ធាវិសា ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិពោធិ៍បាត់ដំបង ឃុំរកា ស្រុកសង្កែ។
វត្ថុតាងដែលដកហូតបានរួមមាន៖
ម៉ូតូចាស់ចំនួន ០១គ្រឿង (មធ្យោបាយធ្វើសកម្មភាព)
ទូរស័ព្ទដៃចំនួន ០២គ្រឿង (ជារបស់ជនរងគ្រោះ)
សកម្មភាពបង្កហេតុ
តាមចម្លើយសារភាព ជនសង្ស័យបានធ្វើសកម្មភាពចំនួន ២ ករណីធំៗ៖
ករណីប្លន់ (៩ កុម្ភៈ ២០២៦)៖ នៅចំណុចភូមិនរា ស្រុកសង្កែ ជនសង្ស័យបានជិះម៉ូតូដេញធាក់ម៉ូតូជនរងគ្រោះឈ្មោះ ងុិ រីវណ្ណថា បណ្តាលឱ្យដួលរងរបួសជើង រួចដកកាំបិតគំរាមប្លន់យកកាបូប ដែលមានប្រាក់ ៦០០,០០០រៀល និងទូរស័ព្ទដៃ ២គ្រឿង។
ករណីរាយខ្សែលួស (៣១ មករា ២០២៦)៖ នៅចំណុចឃុំអន្លង់វិល ជនសង្ស័យបានប្រើខ្សែលួសរាយកាត់ផ្លូវ បណ្តាលឱ្យជនរងគ្រោះឈ្មោះ ហ៊ាង ណាលិ ទាក់កដួលរងរបួសធ្ងន់ធ្ងរត្រង់មាត់ និងក ប៉ុន្តែប្លន់មិនបានសម្រេចដោយសារជនរងគ្រោះខំប្រឹងជិះគេចចេញពីកន្លែងកើតហេតុ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមនីតិវិធីច្បាប់។ ចំពោះទូរស័ព្ទដៃដែលដកហូតបាន សមត្ថកិច្ចបានធ្វើការប្រគល់ជូនម្ចាស់ដើមវិញហើយ។
សមត្ថកិច្ចក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរនៅពេលយប់ និងរាយការណ៍ជាបន្ទាន់ដល់សមត្ថកិច្ច ប្រសិនបើជួបករណីមិនប្រក្រតីណាមួយកើតឡើង។ ដោយ មុតចិត្រា ប្រម៉ាញ់ជាយដែន

