ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ ប្រគល់​ថវិកា​បេឡាមរណ​សង្គ្រោះ​ និង​អំណោយ​មនុស្ស​ធម៌​របស់​សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​ ជូនក្រុមគ្រួសារសពអតីតយុទ្ធជន​ នៅស្រុកសណ្តាន់​

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១៩ ខែមករា​ ឆ្នាំ​២០២៦​ ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ មេបញ្ជាការ ​តំបន់​ប្រតិបត្តិការ​សឹក​រង​ តំណាង​ឲ្យ​គណៈ​កម្មាធិការ​សមាគម​អតីត​យុទ្ធ​ជន​ និងនិវត្តជន​កម្ពុជា​ ខេត្ត​ អមដំណើរ​ដោយ​លោក​ ជួន​ សិលាវិត​ ប្រធាន​សាខា​​មូលនិធិ​ជាតិ​ជំនួយ​សង្គម​ខេត្ត​កំពង់ធំ​ បានដឹកនាំសហការី​ នៃ​សមាគម​អតីត​យុទ្ធ​ជន​ និងនិវត្តជន​កម្ពុជា​ ខេត្ត​ ស្រុក​ រួម​ជាមួយ​អាជ្ញាធរ​ដែនដី​ ឃុំ​ ភូមិ​ បាន​ទៅ​ចូលរួម​រំលែក​ទុក្ខ​ដ៏ក្រៀមក្រំ​ជាមួយ​ក្រុម​គ្រួសារ​សព​អតីត​យុទ្ធជនសោធននិវត្តន៍ ដែល​បាន​ទទួល​មរណភាព​ដោយ​រោគាពាធ​​ នៅ​គេហដ្ឋាន​របស់​សព​ ស្ថិតនៅភូមិពពឹង ឃុំមានជ័យ ស្រុកសណ្តាន់​ ខេត្ត​កំពង់ធំ​ ។

លោកអនុសេនីយ៍ទោ យិន ដាលីន នាយរងការិយាល័យទី១ តំណាង​ឲ្យ​ក្រុម​លេខាធិការដ្ឋាន​ សមាគម​អតីត​យុទ្ធ​ជន​ និងនិវត្តជន​កម្ពុជា​ ខេត្ត​កំពង់​ធំ​ បាន​អាន​សាររំលែក​ទុក្ខ​ របស់​សម្តេច​អគ្គមហាសេនា​បតីតេជោ​ ហ៊ុន​ សែន​ ប្រធាន​សមាគម​អតីត​យុទ្ឋជន​ និង​និវត្តន៍​ជន​កម្ពុជា​ ជូន​ចំពោះ​ក្រុម​គ្រួសារ​សព​លោក ​ចេង ជា ជាអតីតយុទ្ធជន​ មានអាយុ ៦៦ឆ្នាំ មានឋានន្តរសក្ដិ អនុសេនីយ៍ឯក ធ្លាប់បានចូលរួមបម្រើក្នុងជួរនគរបាលនៅឆ្នាំ១៩៨៣ ។ ហើយត្រូវបានក្រសួងមហាផ្ទៃ ដាក់​ចូលនិវត្តន៍នៅក្នុងឆ្នាំ២០១៤ ដែលលោកមានតួនាទីជាអធិការរងស្រុក​ប្រាសាទ​បល្ល័ង្ក​ ស្រុក​ប្រាសាទ​សំបូរ និង​ស្រុក​សណ្តាន់​ ។ ​លោកត្រូវបានទទួលមរណភាពដោយសាររោគាពាធ កាលពីថៃ្ងទី១៤ ខែមករា​ ឆ្នាំ​២០២៦​​ ថ្មីៗ​កន្លង​ទៅ​នេះ​ ដោយបានបន្សល់ទុកនូវភរិយា និងកូន រស់នៅក្នុងបន្ទុកចំនួន ៣នាក់ ។

ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ បាន​ថ្លែង​នូវ​ការ​សោកស្ដាយ​អាឡោះអាល័យ​ជា​ទី​បំផុត​ចំពោះ​ការ​បាត់បង់​លោក​អនុសេនីយ៍​ឯក ចេង ជា ​ជាអតីតយុទ្ធជន ដែលធ្លាប់បានចូលរួមសហការជាមួយកងទ័ព​ ក្នុង​សម័យ​សង្គ្រាម​ស៊ីវិល​ ជាច្រើន​សមរភូមិ​ ក្នុង​ការប្រយុទ្ឋការពារ​ទប់ស្កាត់​មិន​ឲ្យ​របប​ប្រល័យ​ពូជសាសន៍​ប៉ុល​ពត​ វឹល​ត្រឡប់​មក​វិញ​បាន​ ។​ហើយ​ការបាត់បង់លោកអនុសេនីយ៍ឯក ចេង ជា នៅ​ពេល​នេះ​ គឺជាបាត់បង់ស្វាមី​ និង​ជា​ឪពុក​ដ៏​ល្អ​ នៅក្នុងគ្រួសារ ។

ឧត្តម​សេនីយ៍​ទោ​ សោម​ ស៊ុន​ បាន​ជម្រាប​ជូន​ក្រុម​គ្រួសារ​សព​ និង​ប្រជាពលរដ្ឋ​អំពី​ប្រសាសន៍​សំខាន់​ៗរបស់​សម្តេច​អគ្គមហាសេនា​បតី​តេជោ ​ហ៊ុន​ សែន​ ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ និង​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក្នុង​ការ​យក​ចិត្ត​ទុកដាក់​ខ្ពស់​ ចំពោះ​ជីវភាព​រស់នៅ​របស់​បងប្អូន​អតីត​យុទ្ធ​ជន​ និងនិវត្តជន​កម្ពុជា​ ឲ្យ​កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង​ គិត​ទាំង​ការ​យក​ចិត្ត​ទុកដាក់​ ការ​សិក្សា​រៀន​សូត្រ​ ការ​ផ្តល់​ការ​ងារ​សមស្រប​សម្រាប់​កូន​ចៅ​អតីត​យុទ្ធ​ជន​ និងនិវត្តជន​យេីង​ រួម​ទាំង​ការ​ដោះ​ស្រាយ​ដីធ្លី​ និង​ផ្ទះ​សម្បែង​ ជូន​គ្រួសារ​អតីត​យុទ្ធ​ជន​ និងនិវត្តជន​កម្ពុជា​ ដែល​គ្មាន​ដី​គ្មាន​ផ្ទះ​ ពិត​ប្រាកដ​ផងដែរ​ ។

នៅ​ក្នុង​ឱកាស​ ចូល​រួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ និង​គោរព​វិញ្ញាណក្ខន្ធ​សព​ អតីតយុទ្ធជនសោធននិវត្តន៍​ ឈ្មោះ​ ចេង ជា នេះដែរ ។ ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ បាន​ប្រគល់​ជូន​នូវ​ថវិកា​បេឡា​មរណៈ​សង្គ្រោះ​ចំនួន​ ៤លានរៀលនិង​គ្រឿង​ឧបភោគ​បរិភោគ​ អំណោយ​មនុស្ស​ធម៌​របស់​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​បណ្ឌិត ​ពេជ​ ចន្ទ​មុន្នី​ ជូន​ដល់​ក្រុម​គ្រួសារ​សព​ផងដែរ​ និង​បាន​សូម​បួងសួង​ដល់​វិញ្ញាណក្ខន្ធ​លោក​អនុសេនីយ៍​ឯក​ ចេង ជា បាន​ទៅ​កាន់​សុគតិភព​កុំ​បី​ឃ្លៀងឃ្លាត​ឡើយ​ ។