ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា នាំយកអំណោយ សម្តេចធិបតី និង លោកជំទាវ ឧបត្ថម្ភដល់ប្រជាពលរដ្ឋត្រូវភ្លើងឆេះផ្ទះ នៅក្នុងស្រុកទឹកផុស

កំពង់ឆ្នាំង÷នៅរសៀលថ្ងៃចន្ទ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានដឹកនាំក្រុមការងារមនុស្សធម៌ និង ក្រុមការងារយេនឌ័រ របស់អង្គភាព នាំយកស័ង្កសី ចំនួន ៥០សន្លឹក ស៊ីម៉ង់ត៍ ០៤ការ៉ុង អង្ករ ៥០គីឡូក្រាម គ្រឿងឧបភោគបរិភោគ រួមនឹងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភដល់ប្រជាពលរដ្ឋឈ្មោះ ស៊ុំ យាង ជាស្រ្តីមេម៉ាយ អាយុ ៦៣ឆ្នាំ មានកូន១នាក់ នៅភូមិពារាំង ឃុំចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលត្រូវអគ្គិភ័យឆេះផ្ទះ ១ខ្នង ទំហំ(៦ × ៨ម៉ែត្រ) ធ្វើអំពីឈើ ប្រក់ស័ង្កសី អស់ទាំងស្រុង នៅយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ ។

អញ្ជើញមានប្រសាសន៍នាពេលនេះ ឯកឧត្តម មេបញ្ជាការ បាននាំប្រសាសន៍ចូលរួមសោកស្តាយ ពីសំណាក់ សម្តេចមហបវរធិបតី នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ជូនដល់លោកយាយ ស៊ុំ យាង ។ ឯកឧត្តម បានបន្តថា សម្តេចធិបតី និង លោកជំទាវ តែងតែគិតគូរយកចិត្តទុកដាក់ខ្លាំងណាស់ ចំពោះសុខទុក្ខរបស់ ប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែងទាំងអស់នៅទូទាំងប្រទេស និយាយជារួម ដោយឡែក ខេត្តកំពង់ឆ្នាំង តាមរយៈ ឯកឧត្តម ផ្ទាល់ សម្តេច តែងតែផ្តល់អំណោយមនុស្សធម៌ ដូចជា សម្ភារៈ សំណង់ គ្រឿងឧបភោគបរិភោគ ជាបន្តបន្ទាប់ ទុកសម្រាប់ចែកជូនដល់ប្រជាពលរដ្ឋ ដែលជួបការលំបាក និង រងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ជាដើម ។

លោកយាយ ស៊ុំ យាង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចធិបតី និង លោកជំទាវបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋ គ្រប់ទីកន្លែង ទោះបីជាស្ថិតក្នុងកាលៈទេសៈដ៏លំបាក និង មមាញឹកចំពោះកិច្ចការងារការពារបូរណភាពទឹកដី ពីចោរឈ្លានពានយ៉ាងណាក៏ដោយ និង សូមជូនពរ សម្តេចធិបតី និង លោកជំទាវបណ្ឌិត សូមមានសុខភាពល្អបរិបូណ៌ និង ជួបនូវពុទ្ធពរ ទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។